សុខ ឡាត់៖ បទពិសោធន៍ជីវិតឆ្លងកាត់របបខ្មែរក្រហម និងស្ថានភាពសុខភាពពេលបច្ចុប្បន្ន

សុខ ឡាត់ រស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឡាត់ មានអាយុ ៦៤ឆ្នាំ កំពុងរស់នៅជាមួយនឹងការចងចាំដែលដក់ជាប់ក្នុងចិត្តអស់រយៈពេលជាងសែសិបឆ្នាំមកហើយ ដែលពោរពេញទៅដោយការឈឺចាប់ ការព្រាត់ប្រាស់ និងការតស៊ូដើម្បីរស់រានមានជីវិតពីរបបខ្មែរក្រហម។
សុខ ឡាត់ បានរៀបរាប់ថា៖ ខ្ញុំឈ្មោះ សុខ ឡាត់ កើតក្នុងឆ្នាំ១៩៦០ ក្នុងទឹកដី ឃុំចិន្រ្ទា ស្រុកស្វាយរៀង ខេត្តស្វាយរៀង ដែលជាតំបន់សម្បូរវាលស្រែខៀវស្រងាត់ ប្រជាជនប្រកបរបរធ្វើស្រែ។ កាលនៅកុមារ ជីវិតរបស់ខ្ញុំគឺមិនខុសពីក្មេងៗដទៃទៀត ពោរពេញទៅដោយភាពសាមញ្ញ និងភាពកក់ក្ដៅក្នុងរង្វង់បងប្អូនក្រុមគ្រួសារសាច់ញាតិ។ ប៉ុន្តែ ពពកខ្មៅនៃសង្គ្រាមបានចាប់ផ្ដើមគ្របដណ្ដប់លើដែនដីប្រទេសកម្ពុជាបន្តិចម្ដងៗ រហូតដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥ អ្វីៗគ្រប់យ៉ាង ដែលខ្ញុំធ្លាប់ស្គាល់បានរលាយបាត់ត្រឹមមួយប៉ប្រិចភ្នែក។ ពេលនោះ ខ្ញុំមានអាយុទើបតែ ១៥ឆ្នាំ កំពុងតែស្រមៃចង់បានជីវិតមួយដ៏ល្អប្រសើរ ប៉ុន្តែក្តីស្រមៃទាំងនោះ ត្រូវបានកម្ទេចចោលដោយសំឡេងទាហានខ្មែរក្រហមដែលប្រកាសជម្លៀសប្រជាជនចេញពីស្រុកកំណើត។ការជម្លៀសដោយបង្ខំបាននាំមកនូវរឿងរ៉ាវខ្លោចផ្សាដំបូងបំផុតក្នុងជីវិតរបស់ក្មេងស្រីជំទង់ដូចរូបខ្ញុំ។ អង្គការបានបំបែកបំបាក់ខ្ញុំ និងសមាជិកដទៃទៀតពីគ្រួសារ។។ ឪពុកម្ដាយ និងបងប្អូន ត្រូវបាន “អង្គការ” បំបែកឲ្យទៅធ្វើការនៅកន្លែងផ្សេងៗពីគ្នា ដោយគ្មានឱកាសបានជួបគ្រួសារ។ ពេលនេះជាពេលដែលខ្ញុំបានឃើញមុខបងប្រុសបង្កើតពីរនាក់របស់ខ្ញុំ គឺ សុខ អឿន និង សុខ ភន ជាលើកចុងក្រោយ។ ការបាត់បង់ដំណឹងបងទាំងពីរបានក្លាយជាការសោកស្តាយ រហូតដល់សព្វថ្ងៃ។
ក្នុងនាមជាក្មេងស្រីជំទង់ម្នាក់ ខ្ញុំត្រូវបានអង្គការបញ្ជូនឲ្យទៅធ្វើការនៅ “ភូមិគំរូ”។ ក្នុងរយៈពេលបីឆ្នាំដំបូងនៅទីនោះ ការរស់នៅរបស់ខ្ញុំត្រូវធ្វើប្រៀបបាននឹងទាសករបម្រើអង្គការ។ ខ្ញុំត្រូវធ្វើការងារគ្រប់បែបយ៉ាងតាមការចាត់តាំង ចាប់ពីការសាងសង់ផ្ទះ រហូតដល់ការងារជាអ្នកដាំស្ល សម្រាប់កងចល័ត។ ពេលនោះ ខ្ញុំចាំថាត្រីប្រហែលមួយគីឡូ តម្រូវស្លឲ្យបានបីពេលជូនប្រជាជន។ ប្រជាជនរស់នៅក្នុងភាពអត់ឃ្លាន។
បន្ទាប់ពីធ្វើជាអ្នកដាំស្ល ជីវិតរបស់ខ្ញុំបានធ្លាក់ចូលទៅក្នុងស្ថានភាពដ៏លំបាកមួយទៀត គឺពេលដែលអង្គការបញ្ជូនខ្ញុំឲ្យទៅធ្វើការនៅក្នុងកងចល័ត។ ខ្ញុំត្រូវក្រោកពីព្រលឹមមុនមាន់រងាវ ដើម្បីចេញទៅធ្វើការស្រែចម្ការ និងជីកទំនប់ លើកប្រឡាយពេញមួយថ្ងៃ ក្រោមកម្ដៅថ្ងៃក្ដៅហែង។ ការងារដ៏លំបាកនេះរួមផ្សំនឹងការខ្វះខាតអាហារ។ ខ្ញុំទទួលទានអាហារពីរពេលប៉ុណ្ណោះក្នុងមួយថ្ងៃ ភាគច្រើនគឺជាបបររាវៗស្ទើរតែមើលមិនឃើញគ្រាប់អង្ករ។ កម្លាំងកាយរបស់ខ្ញុំ បានធ្លាក់ចុះជាលំដាប់ ប៉ុន្តែខ្ញុំត្រូវតែរឹងប៉ឹងដើម្បីរស់។
បច្ចុប្បន្នខ្ញុំមានជំងឺប្រចាំកាយដូចជា ជំងឺក្រពះពោះវៀន និងខ្សោយកម្លាំង។ មូលហេតុដែលបណ្តាលឱ្យខ្ញុំកើតមានជំងឺនេះ គឺមកពីវ័យក្មេងខ្ញុំធ្វើការងារធ្ងន់លើសកម្លាំង និងកង្វះអាហារហូបចុក។ មួយវិញទៀត បច្ចុប្បន្ន ខ្ញុំមានអាយុកាន់តែច្រើន។ ការព្យាបាលជំងឺរបស់ខ្ញុំ គឺបានទៅមន្ទីរពេទ្យដែលនៅជិតផ្ទះ ពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យបានពិនិត្យជំងឺ និងបានឱ្យថ្នាំខ្ញុំមកលេបនៅផ្ទះជាប្រចាំថ្ងៃ។
នៅក្នុងឆ្នាំ២០២៣ ខ្ញុំត្រូវបានក្រុមការងាររបស់មជ្ឈមណ្ឌឯកសារកម្ពុជាអញ្ជើញខ្ញុំឱ្យមកចូលរួមពិនិត្យសុខភាព ទើបខ្ញុំបានដឹងថាខ្ញុំមានជំងឺលើសឈាម។ ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា បានចែក កូនសៀវភៅព័ត៌មានអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដោយខ្ញុំបានអានកូនសៀវភៅនេះជាប្រចាំ និងទទួលបានចំណេះដឹងជាច្រើនទាក់ទងការថែទាំជំងឺ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានផ្តល់ឱកាសឱ្យខ្ញុំបានពិនិត្យសុខភាពដោយឥតគិតថ្លៃ និងទទួលបានកូនសៀវភៅសុខភាព ដែលជួយដល់ខ្ញុំមានការយល់ដឹងច្បាស់អំពីស្ថានភាពសុខភាពផ្ទាល់ខ្លួន និងរៀនសូត្រពីសៀវភៅនេះសម្រាប់តាមដានការថែទាំសុខភាពនៅពេលក្រោយបានយ៉ាងមានប្រសិទ្ធភាព។[1]
[1]សុខ ឡាត់៖សម្ភាសន៍ផ្ទាល់មាត់«សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន»សម្ភាសន៍ដោយ៖ ផាត ពន្លក នៅ ខែតុលា ឆ្នាំ២០២៥,មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពត
អត្ថបទដោយ ផាត ពន្លក

