ជម្លៀសទៅស្រុកគីរីវង់

សូ ស្តើង រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត (២០២១)

(កំពត)៖ សូ ស្តើង ភេទស្រី មានអាយុ ៦១ឆ្នាំ រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត និងមានភូមិកំណើត នៅភូមិកំពែង។ ស្តើង មានឪពុកឈ្មោះ សូ រិន, ម្ដាយឈ្មោះ ហែម ម៉ៅ និងមានបងប្អូនបីនាក់។

អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ស្តើង ឈប់រៀនត្រឹមថ្នាក់ទី២ នៅវត្តកំពែង ដោយសារសង្គ្រាម។ នៅរបប លន់ នល់ ស្តើង បានរត់គេចគ្រាប់ផ្លោង និងរថក្រោះ ដោយឡើងភ្នំ។ ស្តើង និយាយថានៅក្នុងភូមិកំពែង ផ្ទះរបស់ប្រជាជនមួយចំនួនត្រូវរងខូចខាតដោយគ្រាប់ផ្លោង។

នៅរបបខ្មែរក្រហម គ្រួសារស្តើងត្រូវបានខ្មែរក្រហមចាត់ទុកជាប្រជាជនចាស់ និងជម្លៀសទៅរស់នៅវត្តសោម ស្រុកគីរីវង់។ នៅទីនោះ ស្តើង ធ្វើការក្នុងកងកុមារ និងក្រោយមក ធ្វើការក្នុងកងចល័ត ដោយក្នុងមួយក្រុមមានសមាជិកដប់នាក់។ ស្តើង ត្រូវចេញទៅធ្វើការតាំងពីម៉ោង៦ព្រឹក ដោយត្រូវរែកដី, រែកលាមកគោ, ជីកប្រឡាយ, ដាំបន្លែ និងកាប់ឆ្ការព្រៃនៅម្តុំវត្តសោម និងវត្តកំពែង។ របបអាហារសម្រាប់​ប្រជាជននាសម័យនោះ គឺមានតែបបរប៉ុណ្ណោះ។

ចំណែក ឪពុកម្ដាយរបស់គាត់ ចិញ្ចឹមជ្រូកនៅវត្ត។ ស្តើង និយាយថា ក្រោយមកឪពុកម្ដាយរបស់គាត់បានបាត់បង់ជីវិត ដោយសារហូបចុកមិនគ្រប់គ្រាន់ និងគ្មានថ្នាំដែលមានប្រសិទ្ធភាពសម្រាប់ព្យាបាល។ ស្តើង ថានៅពេលគាត់មានជំងឺ ​គឺមានតែថ្នាំរាងដូចអាចម៍ទន្សាយ ដែលបានមកពីខាងសង្គមកិច្ចសម្រាប់លេបប៉ុណ្ណោះ។

នៅរបបខ្មែរក្រហម ស្តើង ថាមានការចាប់បង្ខំប្រជាជនឲ្យរៀបការនៅវត្តតាអូរ និងក្រោយពេលរៀបការ មានការតាមដានដោយឈ្លប។ ប្តីប្រពន្ធណាដែលមិនរស់នៅមិនចុះសម្រុងជាមួយគ្នា នឹងត្រូវយកទៅរៀនសូត្រ។ ស្តើង ចងចាំថា គណៈឃុំ ឈ្មោះ យ៉េត បានយកប្រជាជនថ្មី និងឈ្លើយសឹកបណ្តើរជាជួរទៅសម្លាប់នៅវត្តភ្នំឆ្មារ។

នៅឆ្នាំ១៩៧៩ ក្រោយរបបខ្មែរក្រហមដួលរលំ ស្តើង បានរៀបការជាមួយប្តីឈ្មោះ ទេព ឈឿន មានកូនបីនាក់ និងប្រកបរបរធ្វើស្រែចម្ការ៕

សម្ភាសដោយ ហង់ ស្រីផុន ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin