មេក្រុមនៅរបបខ្មែរក្រហម

សំ ភន រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត (២០២១)

(កំពត)៖ សំ ភន ភេទប្រុស មានអាយុ ៦៥ឆ្នាំ ជាកសិកររស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ភន មានឪពុកឈ្មោះ ជា និងមានបងប្អូនប្រាំបួននាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ភន បានបាត់បង់ម្ដាយ និងរៀនត្រឹមថ្នាក់ទី១២ នៅសាលាវត្តព្រៃត្រសក់។ ក្រោយមក ភន បានបួសនៅវត្តព្រៃត្រសក់។

អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ភន ឃើញមានការទម្លាក់គ្រាប់បែក និងមានការបាញ់ផ្លោងមកពីខាងភូមិចុងស្រង់ ដោយបានបណ្ដាលឲ្យប្រជាជនស្លាប់ និងខូចខាតផ្ទះសំបែង។ នៅវ័យ ១៥ឆ្នាំ ភន ត្រូវបានខ្មែរក្រហមបញ្ជាឲ្យសឹក ហើយចូលធ្វើជាកងឈ្លប និងក្រោយមកធ្វើជាជាងផ្ទះឈើ នៅក្នុងអង្គភាពតាវ៉ាង នៅភូមិព្រៃលើ ដោយមានសមាជិកប្រាំបីនាក់។ ភន និយាយថា ខ្មែរក្រហមយកវត្តអារាមធ្វើជាកន្លែងចិញ្ចឹមជ្រូក។

នៅរបបខ្មែរក្រហម គ្រួសារភន ត្រូវបានចាត់ទុកជាប្រជាជនចាស់ ដោយមានឪពុកមាធ្វើការខាងសង្គមកិច្ច, និងបងប្រុសធ្វើជាប្រធានភូមិ។ ភន បានរៀបការជាមួយប្រពន្ធឈ្មោះ សា ជ្រន និងមានកូនប្រាំនាក់។ គាត់និយាយថា គាត់អាចជ្រើសរើសប្រពន្ធដោយខ្លួនឯង ហើយការរៀបការធ្វើឡើង​ម្តង តែមួយគូប៉ុណ្ណោះ។ អ្នកទាំងពីរបានប្តេជ្ញាចិត្តចំពោះមុខអង្គការ ហើយមានការកាប់គោ និងជ្រូកសម្រាប់ហូប។ គាត់បន្តថា ខ្មែរក្រហមមិនបានបង្ខំឲ្យគាត់រៀបការដូចប្រជាជនដទៃនោះទេ និងអាចជ្រើសរើសដោយខ្លួនឯងនៅតាមកងចល័ត។

ក្រោយពីរៀបការ ភន ធ្វើជាមេក្រុមដឹកនាំ និងពិនិត្យការងាររបស់ប្រជាជនដែលកាប់ឈើនៅកោះស្លា។​ នៅទីនោះ ភន បានធ្លាក់ខ្លួនឈឺគ្រុនចាញ់ និងព្យាបាលដោយប្រើប្រាស់ថ្នាំរាងដូចអាចម៍ទន្សាយ។ ក្រោយមក គាត់ទៅធ្វើការនៅព្រែកត្នោត។ ភន និយាយថា ប្រជាជនត្រូវជីកប្រឡាយឲ្យបានប្រវែងប្រាំម៉ែត្រ ក្នុងមួយថ្ងៃ។ គាត់បន្តថា ប្រជាជនថ្មីដែលជម្លៀសមកពីទីក្រុងភ្នំពេញណា ដែលមានកំហុសនឹងត្រូវថ្នាក់លើយកទៅកសាង។

បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ នៅឆ្នាំ១៩៧៩ ភន បន្តរស់នៅស្រុកបន្ទាយមាសរហូតមកទល់សព្វថ្ងៃ៕

សម្ភាសដោយ ហង់ ស្រីផុន ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin