កងចល័តនៅភូមិបន្ទាយមាស

សា សារឹម រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត (២០២១)

(កំពត)៖ សា សារឹម ភេទប្រុស មានអាយុ ៥៨ឆ្នាំ ជាកសិកររស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ សារឹម មានឪពុកឈ្មោះ សា ងី,ម្ដាយឈ្មោះ ពិល នន និងមានបងប្អូនប្រាំនាក់។

អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ គ្រួសារសារឹម បានរត់ភៀសខ្លួនទៅរស់នៅភូមិស្តៅ និងភូមិអង្គាញ់។ សារឹម និយាយថា គាត់ឃើញមានកងទ័ពវៀតកុង និងមានការទម្លាក់គ្រាប់បែកនៅវត្តអង្គាញ់។

នៅឆ្នាំ១៩៧៣ គ្រួសារសារឹម បានទៅរស់នៅភូមិបន្ទាយមាស។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាច និងចាត់ទុកគ្រួសាររបស់សារឹម ថាជាប្រជាជនចាស់។ សារឹម ត្រូវខ្មែរក្រហមបំបែកចេញពីឪពុកម្ដាយ និងត្រូវទៅធ្វើការក្នុងកងចល័តនៅភូមិបន្ទាយមាស ដែលក្នុងកងនោះមានសមាជិកជាង១០០នាក់។ សារឹម ត្រូវរែកដីដំបូក, រែកលាមកគោ, និងកាប់ទន្រ្ទានខេត្តពីម៉ោង៧ព្រឹករហូតដល់ម៉ោង១១ព្រឹក ទើបបានសម្រាកហូបបបរ។ សារឹម ថាខ្មែរក្រហមចែកបបរមួយឆ្នាំងសម្រាប់ឲ្យសមាជិកក្រុម១៩នាក់ហូបក្នុងមួយពេល។ សារឹម ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់ ធ្វើឲ្យគាត់ឈឺគ្រុនចាញ់ និងសន្លប់អស់រយៈពេលបីថ្ងៃ។

សារឹម និយាយថា នៅរបបខ្មែរក្រហម ប្រជាជនត្រូវធ្វើស្រែឲ្យបានទិន្នផលស្រូវបីតោនក្នុងមួយហិចតា។ វត្តអារាម ក្លាយជាកន្លែងចិញ្ចឹមជ្រូក, រោងបាយ និងឃ្លាំងស្រូវ។ ប្រជាជនដែលពេញវ័យ ត្រូវខ្មែរក្រហមបង្ខំឲ្យរៀបការ និងបន្ទាប់ពីប្តេជ្ញាចិត្តរៀបការរួច នៅពេលយប់ សារឹម ថាមានកងឈ្លបលួចស្តាប់សំឡេងទៀតផង។ នៅរបបនោះ ប្រជាជន១៧មេសា ឬប្រជាជនថ្មី ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ ដោយកុហកថា ផ្លាស់ទីលំនៅ។ សារឹម ចងចាំថា នៅយប់មួយ ខ្មែរក្រហមហៅសាស្ត្រាចារ្យម្នាក់មកពីទីក្រុងភ្នំពេញទៅរស់នៅកន្លែងផ្សេង។ ក្រោយមក សារឹម មិនឃើញសាស្ត្រាចារ្យនោះត្រលប់មកភូមិវិញនោះទេ។

នៅឆ្នាំ១៩៧៩ ក្រោយរបបខ្មែរក្រហមដួលរលំ សារឹម បានរៀនត្រឹមថ្នាក់ឌីប្លូម និងរៀបការមានប្រពន្ធឈ្មោះ នាង ធឿង និងមានកូនបីនាក់។ សព្វថ្ងៃ គាត់ប្រកបរបរជាកសិករ។ ក្នុងនាមជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ សារឹម សង្ឃឹមថាអ្នកជំនាន់ក្រោយនឹងបានសិក្សាពីរបបខ្មែរក្រហម៕

សម្ភាសដោយ ហង់ ស្រីផុន ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin