សេង ណាត់៖ ប្រធានកងកុមារ

សេង ណាត់ អាយុ៦៤ឆ្នាំ រស់នៅភូមិត្រពាំងចែង ឃុំសំរោង ស្រុងត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ណាត់ ធ្វើការងារជាប្រធានក្រុមកងកុមារ តាមការចាត់តាំងរបស់អង្គការ។ នៅក្នុងក្រុមកងកុមារ ពេលព្រឹក ណាត់ ដឹកនាំកុមារមូលដ្ឋាន ដែលមានមាឌធំល្មមទៅធ្វើការងារ រែកអាចម៍គោ, លើកដីដំបូក និងជីកប្រឡាយ ហើយពេលថ្ងៃ គឺត្រូវបង្រៀននៅក្រោមផ្ទះ។ ចំពោះការសិក្សាសម័យនោះ ក្មេងៗអាចរៀនអក្សរ និងលេខ ដូចថ្នាក់អក្ខរកម្ម។ ក្រោយមក អង្គការបានបញ្ជូនក្រុមរបស់ ណាត់ ទៅធ្វើការងារនៅអង្គរលាយ, រួចបន្តទៅអង្គតាសោម, កណ្ដាលស្ទឹង និងទៅបឹងខ្ចាង។ នៅពេលដែលចេញទៅធ្វើការងារក្រៅសហករណ៍ អង្គការបានរៀបចំក្ដារខៀនមួយនៅក្រោមដើមឈើ សម្រាប់បង្រៀនកុមារនៅម៉ោងសម្រាកពីធ្វើការងារ។

ណាត់ បានឲ្យដឹងថា កុមារដែលគាត់បង្រៀនគឺជាកុមារមូលដ្ឋានទាំងអស់ ហើយកុមារថ្មីដែលទើបតែជម្លៀសចូលក្នុងភូមិ ត្រូវធ្វើការងារនៅក្នុងក្រុមផ្សេងទៀត។ ចំពោះអាហារហូបចុក អង្គការរៀបចំដាំបាយ និងស្លបន្លែត្រកួន ឬព្រលឹត ឲ្យហូបស្ទើរតែគ្រប់ពេល និងគ្រប់គ្រាន់។ លើសពីនេះទៅទៀត ជារៀងរាល់ថ្ងៃទី១០ និងថ្ងៃទី២០ ក្នុងខែនីមួយៗ អង្គការរៀបចំសាច់សម្រាប់ធ្វើម្ហូបឲ្យកុមារហូបម្ដង។ មូលហេតុដែលអង្គការរៀបចំឲ្យកុមារហូបឆ្អែតបែបនេះ ដោយសារតែអង្កការមិនចង់ឲ្យកុមារធ្លាក់ខ្លួនឈឺ។

ណាត់ បានបន្តថា ការងារបង្រៀនកុមារ និងដឹកនាំកុមារឲ្យធ្វើការងារគឺមិនលំបាកនោះទេ ហើយទទួលបានអាហារហូបគ្រប់គ្រាន់ទៀត។ ប៉ុន្តែគាត់នៅតែមានការភ័យខ្លាចអង្គការយកទៅសម្លាប់ នៅពេលដែលគាត់ប្រព្រឹត្តកំហុសបន្តិចបន្តួច។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស ណាត់ មានជំងឺ ស្លាប់មួយចំហៀងខ្លួន, ខ្លាញ់រុំបេះដូង, ទឹកនោមផ្អែម, លើសសម្ភាធឈាម និងលើសជាតិស្ករ។ មុនដំបូង អាការៈជំងឺរបស់ ណាត់ គ្រាន់តែវិលមុខបន្តិចបន្តួច ហើយគាត់បានទៅព្យាបាលនៅពេទ្យជាច្រើនកន្លែងដូចជា ពេទ្យកាលម៉ែត្រ, ពេទ្យនៅជិតក្បាលស្ពានជ្រោយចង្វា និងពេទ្យបឹងទំពន់។ បន្ទាប់មក ដោយសារតែជំងឺកូវីដ ១៩ រីករាលដាលខ្លាំងឡើង ទើបគាត់មិនហ៊ានបន្តទៅព្យាបាលទៀត និងឲ្យជំងឺរបស់គាត់កាន់តែធ្ងន់ឡើង។ មូលហេតុចម្បងមួយទៀតដែលធ្វើឲ្យ ណាត់ មិនបន្តធ្វើការព្យាបាលដោយសារតែគាត់ខ្វះខាតថវិការខ្លាំងពេក រហូតដល់រកអាហារហូបមិនបានគ្រប់គ្រាន់ ទើបគាត់សុខចិត្តទិញថ្នាំលេបបន្តិចបន្តួច។ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍នៃការសម្ភាស ណាត់ ហូបអាហារឆ្ងាញ់ធម្មតា ប៉ុន្តែគាត់ពិបាកក្នុងការដកដង្ហើម, អស់កម្លាំង និងពិបាកក្នុងការគេងលក់។

អត្ថបទដោយ៖ ភា រស្មី 

សម្ភាសដោយ៖ ហួ ស៊ីណាត ថ្ងៃទី១៣ ខែកញ្ញា ២០២១

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin